រោងភាពយន្តខ្មែរ ១០០ភាគរយ! Sabay Cinema បើកទំព័រថ្មីនៃវិស័យកុន និងការកម្សាន្តនៅកម្ពុជា

admin By admin June 6, 2026

រាជធានីភ្នំពេញ – ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ – វិស័យកម្សាន្តនៅកម្ពុជាបានឈានចូលដល់របត់ថ្មីមួយនៅថ្ងៃនេះ ជាមួយនឹងការសម្ពោធជាផ្លូវការនូវ Sabay Cinema ដែលពីមុនប្រតិបត្តិការក្រោមឈ្មោះ Major Cineplex Cambodia។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Major Cineplex Group បានដកប្រតិបត្តិការរបស់ខ្លួនចេញពីកម្ពុជា ស្របតាមយុទ្ធសាស្ត្ររៀបចំរចនាសម្ព័ន្ធអាជីវកម្មក្នុងតំបន់ឡើងវិញ។

ជាការឆ្លើយតប ក្រុមហ៊ុន Sabay Digital Group បានសម្រេចចិត្តយ៉ាងមុតមាំក្នុងការទិញយកភាគហ៊ុនទាំងអស់ពី Major Cineplex Group ដោយនាំយកប្រតិបត្តិការរោងភាពយន្ត និងកន្លែងបោះប៊ូលីង (Bowling) មកស្ថិតក្រោមការគ្រប់គ្រង និងជាកម្មសិទ្ធិរបស់ខ្មែរ១០០%។ ការផ្លាស់ប្តូរនេះមិនត្រឹមតែជាការសម្រេចចិត្តខាងយុទ្ធសាស្ត្រអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាជំហានដ៏មានអត្ថន័យមួយឆ្ពោះទៅរកការពង្រឹងឧស្សាហកម្មវប្បធម៌ជាតិ និងការដាក់អនាគតនៃវិស័យភាពយន្ត និងការកម្សាន្តនៅក្នុងដៃរបស់ប្រជាជនកម្ពុជាផ្ទាល់។

ក្នុងផ្នែកមួយនៃការផ្លាស់ប្តូរនេះ ម៉ាកយីហោ Blue-O Bowling ត្រូវបានប្តូរឈ្មោះថ្មីទៅជា Sabay Rhythm & Bowl ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ Sabay ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីកម្សាន្តដ៏ទំនើប និងសម្បូរបែប ដែលមិនត្រឹមតែសម្រាប់ការទស្សនាភាពយន្តប៉ុណ្ណោះទេ តែថែមទាំងលើកកម្ពស់របៀបរស់នៅ និងបទពិសោធន៍សង្គមសម្រាប់មនុស្សគ្រប់វ័យ។

ព្រឹត្តិការណ៍សម្ពោធជាផ្លូវការត្រូវបានរៀបចំឡើងនៅរោងភាពយន្ត Sabay Cinema ជាន់ទី២ នៃផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ដោយមានការចូលរួមពីបណ្តាស្ថាប័នសារព័ត៌មានក្នុងស្រុក ថ្នាក់ដឹកនាំក្នុងឧស្សាហកម្មភាពយន្ត អ្នកជំនាញផ្នែកច្នៃប្រឌិត និងភ្ញៀវកិត្តិយសជាច្រើនរូប។ វត្តមានរបស់ភ្ញៀវកិត្តិយសបានឆ្លុះបញ្ចាំងអំពីទំនុកចិត្តយ៉ាងរឹងមាំ តម្លាភាព និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ Sabay ចំពោះវិស័យនេះ។

Leave a Reply

Your email address will not be published. Required fields are marked *